មហាជនឆ្ងល់ថា ស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២ ទុកតាំងពិពណ៌ ឬទុកថ្លឹងរថយន្ត (រថយន្តដឹកថ្មជាច្រើនគ្រឿងក្នុង១ថ្ងៃៗ ធ្វើដំណើរដូចព្យុះ បើកបង្ហួសស្ថានីយ៍ថ្លឹងរថយន្ត)!!!

មហាជនបាននាំគ្នារិះគន់លោក ជា ហុង ប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ២ ស្ថិតនៅចំណុចភូមិឃ្លាំងសម្បត្តិ ស្រុកបាទី ខេត្តតាកែវថា ថ្លឹងរថយន្តខ្លះនិងមិនថ្លឹងខ្លះ មិនដឹងថាមានបញ្ហាអ្វីនោះទេ។ ពួកគាត់លើកឡើងថា រថយន្តដឹកថ្មជាច្រើនគ្រឿងក្នុង១ថ្ងៃៗធ្វើ ដំណើរដូចព្យុះ ឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្ត ខាងលើគឺដឹកធ្ងន់ៗណាស់តែមិនចូលថ្លឹងទេគឺបើកបង្ហួសតែម្តង។ សកម្មភាពបែបនេះតែងតែឃើញ ជារៀងរាល់ ថ្ងៃរាល់ម៉ោង ដែលទង្វើបែបនេះត្រូវពលរដ្ឋអះអាងថា លោក ជាហុង ទំនងជាអាងអំណាច ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តតាកែវនោះហើយ។

ប្រភពដដែលបានបញ្ជាក់ទៀតថា រាល់រថយន្តដែលមិនចូលថ្លឹង ទំនងជាឆ្នាំងបាយរបស់ក្រុម លោកជា ហុងហើយមើលទៅ ព្រោះរថយន្តដែរមិនចូលថ្លឹងគេគ្រាន់តែញាក់ភ្លើងនៅពេលបើកបរជិតដល់ស្ថានីយ៍ថ្លឹង គឺជាការស្រេច។ បើតាមការបញ្ជាក់ពីមន្ត្រីសាធារណៈការនឹងដឹក ជញ្ជូនខេត្តតាកែវ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថារាល់រថយន្តដឹកត្រូវតែចូលថ្លឹង នៅតាមស្ថានីយ៍ជាដាច់ ខាត មិនអាចបើកហួសនោះទេ តែបើបើកហួសប្រធានស្ថានីយ៍ថ្លឹងរថយន្ត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ដូច្នេះបញ្ហានេះគឺស្ថិតនៅលើការសម្រេចរបស់ លោក ជា ហុង ក្រោមការសម្របសម្រួល របស់លោក ណុប នី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តតាកែវ។

ប្រភពពីឈ្មួញនិងអាជីវករដែលរកស៊ីដឹកជញ្ជូនទំនិញ ក៏ដូចជាផលកសិកម្មឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ២ ស្រុកបាទី បានឲ្យដឹងថា ទោះបីពួកគេផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការលូកដៃសុំរបស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ផងដែរ។ ក្រុមឈ្មួញនិងអាជីវករមួយចំនួនបានអះអាងថា ពួកគាត់ដឹកជញ្ជូនទំនិញឬកសិផលផ្សេងៗ ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុត ពីបង់លុយក្រោមតុ លើតុ ឲ្យក្រុម មន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២ស្រុកបាទី នោះដែរ។

ជាការពិតឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តយីឌុបធំៗ រថយន្តសណ្ដោងកន្ទុយ សណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់ បើកបឆ្លងកាត់មុខមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ២ ដោយគ្មានការព្រួយបារម្ភ ផ្ទុយទៅវិញមន្ត្រីទាំងនោះគ្រាន់តែតម្រូវឲ្យម្ចាស់រថយន្ត ដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់ គឺជាការស្រេចដោយមិនខ្វល់ពីរឿងរថយន្តទាំងនោះ ធ្វើ ឲ្យខូចផ្លូវ ខូចស្ពាននោះទេ។ ជាងនេះទៅទៀត អ្វីដែលកំពុងតែឃើញនោះរថយន្តដឹកថ្មបរបន្តកន្ទុយគ្នា នៅលើផ្លូវជាតិលេខ២ ដែលងាយនឹងបង្កគ្រោះថ្នាក់ហើយដឹកធ្ងន់ៗទៀតផង។

បច្ចុប្បន្ននេះគេឃើញរថយន្តដឹកធ្ងន់តែងតែឈប់ចតដើម្បីយកប្រាក់ប្រាក់ទៅបង់ឲ្យក្រុមមន្ត្រីនៅក្នុងស្ថានីយ៍ថ្លឹងរថយន្តនោះ។ ប្រភពបានឲ្យដឹងថា ពេលរថយន្តធំៗដឹកទំនិញលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍ គឺតែងតែឃើញព្រូរថយន្តឬអ្នកបើកបររថយន្តរត់យ៉ាងប្រសេចប្រសាចទៅបង់លុយឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍តាមការកំណត់ ដោយមិនអាចតវ៉ាបានទេ។ ប្រសិនបើឈ្មួញឬអាជីវករណាហ៊ានតវ៉ា ប្រាកដជាត្រូវក្រុមមន្ត្រី ប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត រករឿងឲ្យរើទំនិញចុះឡើងតាមទំនើងចិត្ត របស់ពួកគេជាមិនខាន់ឡើយ។

ប្រភពនិយាយថារឿងរ៉ាវអស់នេះមិនមែនលោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ លោកមិនដឹងនោះទេ ប៉ុន្តែវាជាប្រព័ន្ធនិងជាការឃុបឃិតគ្នារវាងលោក ជា ហុង និងមន្ត្រីថ្នាក់ដឹកនាំមន្ទីរ។ បញ្ហានេះគឺជារឿងដែល លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូ មិនគួរមើលរំលងតទៅទៀតនោះទេ ព្រោះក្រុមជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២ ស្រុកបាទីខេត្តតាកែវ កំពុងប្រែក្លាយទៅជាក្រុមជញ្ជីងថ្លឹងលុយតែម្យ៉ាងគត់៕