ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ០១ភូមិ ស្ថិតក្នុងឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល

ខេត្តកណ្តាល៖ក្បាលដីចំនួន០១ភូមិ ស្មើនិង២០០៤ ក្បាលដី ស្ថិតក្នុងឃុំ សណ្តារ ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានធ្វើការបិទផ្សាយជាសាធារណៈ ជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន​ មុននឹង​ចេញប័ណ្ណកម្មសិទ្ធិជូន។​​

លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត​កណ្តាលបានឱ្យដឹងដែរថា៖ នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធនេះធ្វើតាមដំណាក់កាល គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹងដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និង​បញ្ជីឈ្មោះម្ចាស់ដី។ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យរយៈពេល១៥ ថ្ងៃគឺដើម្បី​ទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងព្រំប្រទល់ក្បាលដី​របស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។
លោក អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ក៏បានធ្វើការសំណូមពរ ដល់ប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់ទៅពិនិត្យមើលការបិទឯកសារ នៃការវិនិច្ឆ័យដីធ្លីដែលមានរយៈពេល១៥ថ្ងៃ (គិតចាប់ពីថ្ងៃទី១២ ខែមករា រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤)គឺរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក ដេីម្បីមានលទ្ធភាពអោយម្ចាស់ដី និងនាក់ពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង់ បើក្នុងករណីផុតរយៈពេលកំណត់នៃការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ផល្លី ពិសិដ្ឋ អភិបាលរងស្រុកលើកដែក បានបញ្ជាក់ថា៖ ដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ប្រើប្រាស់ដីធ្លីសមស្រប ទប់ស្កាត់ការកាន់កាប់ដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាកម្មវិធីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកំពុងអនុវត្តនូវផែនការសំខាន់ៗ ក្នុងការកែទម្រង់រដ្ឋបាលដីធ្លី។
លោក អភិបាលរងស្រុក បន្ថែមថា៖ ចំពោះការបិទផ្សាយជាសាធារណៈនាពេលនេះ ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កាន់កាប់ដីធ្លីទាំងអស់ ត្រូវទៅផ្ទៀងផ្ទាត់ទិន្នន័យ ក្បាលដី ពិតជាត្រឹមត្រូវ ឫអត់ ប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយ ដូចជាខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំ រូបរាងដី ទីតាំងក្បាលដី និងប្រភេទទ្រព្យជាដើមនោះ ម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវក្នុងរយៈពេល១៥ថ្ងៃ ដើម្បីទទួលមកវិញនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលត្រឹមត្រូវ (ប័ណ្ណកម្មសិទ្ធ) ដែលការពារដោយច្បាប់៕