ល្បែងស៊ីសងជូកគ័រ របស់លោកភូ និងលោកជេម ក្នុងសង្កាត់មនោរម្យ កំពុងពង្វក់ស្មារតីយុវជន និងនារីខ្មែរ ដែលលោកអធិការខណ្ឌប្រាំពីរមករា មិនហ៊ានបង្ក្រាប
រាជធានីភ្នំពេញ៖ ល្បែងស៊ីសងតាមអ៊ីនធឺណិតដែលគេហៅថា Joker ដែលទីតាំងល្បែងសុីសងJoker និងល្បែងផ្សេងៗ របស់លោកភូ និងលោកជេម ស្ថិតនៅផ្ទះលេខ៥១ តាមបណ្តោយផ្លូវ១៣៤ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោមការដឹងឮពីអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ខណ្ឌ ជាពិសេសកម្លាំងនគរបាល។
ប្រភពរាយការណ៍ថា អាជ្ញាធរមានសមត្ថកិច្ចភាគច្រើនមានជាប់ពាក់ព័ន្ធជាមួយនឹងផលប្រយោជន៍និងម្ចាស់ទីតាំងល្បែងទាំងនោះ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងទីតាំងល្បែងសំបូរទៅដោយក្មេងស្ទាវសមាសភាពមិនល្អ និងអាចជាកន្លែងផ្តល់ទីតាំងឲ្យប្រើប្រាស់គ្រឿងញៀនផងដែរ។ ទីតាំងទាំងនេះហាក់ដូចជា មិនមានសមត្ថកិច្ចនគរបាលហ៊ានទៅក្បែរនោះទេ។ ប្រភពបានឲ្យដឹងថាទំនងពាក់ព័ន្ធនឹងផលប្រយោជន៍ ឬឆ្នាំងបាយផ្ទាល់ខ្លួន ទើបលោកអធិការនគរបាលខណ្ឌប្រាំពីរមករា មិនហ៊ានឬក៏អំណាចម្ចាស់ល្បែងស៊ីសងនេះ ធំជាងលោកអធិការខណ្ឌ។ ដូច្នេះគេមិនឃើញសមត្ថកិច្ចគ្រប់ផ្នែកក្នុងខណ្ឌប្រាំពីរមករាទៅរំខានទីតាំងល្បែងទាំងនេះទេ។
អ្នកទៅលេងល្បែងស៊ីសងជូកគ័រភាគច្រើន ជាយុវជនឬយុវតី ឬក៏ក្មេងៗដែលគេចពីសាលា។ ក្រុមយុវជន,យុវ នារី ទាំងនោះហាក់ដូចជាមិនខ្វល់ខ្វាយ អំពីអនាគតអ្វីទេ។ ពួកគេអង្គុយលេងប្រកបដោយទំនុកចិត្ត ពោលគឺមិនខ្វល់ថា សមត្ថកិច្ចខាងណាចូលមកបង្ក្រាបពួកគេឡើយ។ ប្រភពឱ្យដឹងថា លោកនេត សុីថុន អធិការនគរបាលខណ្ឌប្រាំពីរមករា ទំនងជាបានទទួលលាភ សក្ការៈ ពីថៅកែល្បែងជូកគ័រនោះហើយ បានជាមិនបង្ក្រាប។ គេមិនដែលឃើញ នគរបាលខណ្ឌប្រាំពីរមករា ទៅជិតទីតាំងល្បែងជូគ័រ ជាច្រើនកន្លែងស្ថិតនៅក្នុងខណ្ឌ ប្រាំពីរមករាជាពិសេសនៅតំបន់ផ្សារឌុយមុិច សង្កាត់មនោរម្យនោះឡើយ។
ក្រៅពីល្បែងស៊ីសងនេះ ក៏គេសង្ស័យអំពីការប្រើប្រាស់គ្រឿងញៀននៅក្រុមយុវជនទាំងនោះផងដែរ។ ទីតាំងល្បែងទាំងនេះគឺជាចំណុចអសកម្មដែលបង្កភាពអាណាធិបតេយ្យក្នុងសង្គមយ៉ាងច្រើន ដែលប្រការនេះរដ្ឋបាលរាជធានីភ្នំពេញគួរពិនិត្យមើលឲ្យបានល្អិតល្អន់ ជា ពិសេសត្រូវដាក់កម្លាំងដើម្បីបង្ក្រាបទីតាំងល្បែងស៊ីសងដែលជាប្រភពនាំឲ្យមានបទល្មើសផ្សេងៗនោះផង។ បើរំពឹងទៅលើលោក នេត សុីថុន គឺពិតជាមិនអាចបង្ក្រាប ល្បែងស៊ីសងដែលបង្កហានិភ័យដល់សង្គមជាតិនាពេលអនាគតបានឡើយ៕