ក្រសួងការងារ បញ្ជាក់ថា ឥទ្ធិពលនៃការកើតស៊ូណាមិ បានថមថយ ខណៈពលរដ្ឋសុវត្ថិភាព

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថាក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ជាមួយនឹងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងភាគីជប៉ុនតាំងពីម៉ោង២ និង១០នាទីរសៀល រហូតដល់ម៉ោង៩:០០នាទីយប់ម៉ោងនៅកម្ពុជា ពេលនេះហានិភ័យនៃការកកើតស៊ូណាមិកម្រិតធំនៅជប៉ុនត្រូវថមថយឥទ្ធិពល ហើយចំពោះមុខនេះនៅមិនទាន់មានព័ត៌មានអំពីពលករជំនាញ កម្មសិក្សាការី ឬសហគមខ្មែរនៅជប៉ុន បានទំនាក់ទំនងស្នើសុំជំនួយពី ស្ថានទូតខ្មែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមនិយោជកជប៉ុន ឬទីភ្នាក់ងារជ្រើសរើសពលករកម្ពុជានៅឡើយ។

បច្ចុប្បន្ននេះ អាជ្ញាធរជប៉ុនបានជម្លៀសពលរដ្ឋ និងជនបរទេសដែលរួមទាំងបងប្អូនខ្មែរយើងទៅទីកន្លែងមានសុវត្ថិភាព។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាព និងបន្តទាក់ទងយ៉ាងជិតស្និទចំពោះពលរដ្ឋខ្មែរនៅក្នុងតំបន់កើតហេតុ៕