ក្មេងទំនើង ០៤នាក់ ពាក់ព័ន្ធករណីប្រើដាវកាំបិតកាប់គ្នា ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់!
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវ និងកាំបិតកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់) ក្រោយពីបង្ក្រាបបាន ចំនួន០២ករណីផ្សេងគ្នា។
*ករណីទី១៖ កាលពីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ មានករណីក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណ២០នាក់ ជិះម៉ូតូ១០គ្រឿង បានប្រើដាវ និងកាំបិតកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់កែងដៃ និងក្រោមក្បាលជង្គង់ធ្ងន់ធ្ងរ និងបណ្តាលឲ្យខូចខាតម៉ូតូយ៉ាងដំណំ នៅចំណុចក្នុងបុរីឈូកមាស ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រហូតមកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ ជាបន្តបន្ទាប់ រួមមាន៖ ០១.ឈ្មោះ ឆន វ៉ាន់នុត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស, ០២.ឈ្មោះ ទូច រាជសី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស, ៣.ឈ្មោះ ជា វ៉ាន់ឌី ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស។
*ករណីទី២៖ កាលពីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ មានករណីក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណ១២នាក់ ជិះម៉ូតូជិត១០គ្រឿង បានប្រើដាវ និងកាំបិតកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដែលហេតុការណ៍នេះកើតឡើងនៅចំណុចមុខវត្តចាស់ ផ្លូវទន្លេសាប ស្ថិតភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រហូតមកដល់វេលាម៉ោង១១ និង៥៥នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានធ្វើការស្រាវជ្រាវ ដោយសហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ឈ្មោះ សុខ ស្រស់ ហៅហ្វុង អាយុ១៨ឆ្នាំ។
ចំណែកបក្ខពួកក្មេងស្ទាវទាំង០២ក្រុមដែលនៅសេសសល់និងរត់គេច សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនបន្តទៀត៕
https://youtu.be/LTGYn8EFo8s